Saturday, December 13, 2014

ពន្ធលើប្រាក់ចំណេញ

ពន្ធលើប្រាក់ចំណេញត្រូវ បានកំណត់លើអ្នកជាប់ពន្ធនិវាសនជន ចំពោះប្រាក់ចំណូលប្រភពកម្ពុជា និងប្រាក់ចំណូល ប្រភពបរទេស។ សម្រាប់អ្នកជាប់ពន្ធអនិវាសនជន ពន្ធលើប្រាក់ចំណេញកំណត់តែលើប្រាក់ចំណូលប្រភពកម្ពុជាប៉ុណ្ណោះ។

ប្រាក់ចំណេញជាប់ពន្ធ
ប្រាក់ចំណេញជាប់ពន្ធ គឺជាប្រាក់ចំណេញសុទ្ធបានមកពីលទ្ធផលទាំងអស់នៃប្រតិបត្តិការអារជីវកម្មគ្រប់ ប្រភេទរួម បញ្ចូលទាំងចំណេញមូលធនដែលសម្រេចបានក្នុងពេលកំពុងប្រកបអាជីវកម្ម ឬនៅពេលបញ្ចប់អាជីវកម្មព្រមទាំងប្រាក់ ចំណូលពីទ្រព្យសកម្មហិរញ្ញវត្ថុ ឬទ្រព្យសកម្មវិនិយោគការប្រាក់ថ្លៃឈ្នួល និងសួយសារផង។ ប្រាក់ចំណេញជាប់ពន្ធក៏រួម បញ្ចូលផងដែរនូវចំណេញមូលធនទាំងអស់ពីអចលនទ្រព្យ ទ្រព្យហិរញ្ញវត្ថុ ឬទ្រព្យវិនិយោគ ដែលសម្រេចបានមកពីប្រតិបត្តិ ការនានាក្រៅពីប្រតិបត្តិការអាជីវកម្ម។
អត្រាពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំមានដូចតទៅៈ
១- ២០ភាគរយ ចំពោះប្រាក់ចំណេញដែលសម្រេចបានដោយនីតិបុគ្គល
២- ៣០ភាគរយ ចំពោះប្រាក់ចំណេញដែលសម្រេចបានក្រោមកិច្ចសន្យាបែងចែកផលិតផលប្រេងកាត និងឧស្ម័ន ធម្មជាតិ ឬសម្រេចបានពីការធ្វើអាជីវកម្មលើធនធានធម្មជាតិរួមទាំង ព្រៃឈើ រ៉ែ មាស ឬត្បូងថ្មមានតម្លៃនានា
៣- ៩ភាគរយ ចំពោះប្រាក់ចំណេញរបស់គម្រោងវិនិយោគមានលក្ខណៈសម្បតិ្តគ្រប់គ្រាន់ដែល ទទួលស្គាល់ដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសម្រាប់រយៈពេលអន្តរកាល ៥ឆ្នាំ ដោយគិតចាប់ផ្តើមពីប្រកាសឱ្យប្រើច្បាប់ស្តីពីវិនិយោគនៃ ព្រះរាជាណាចក្រកម្ពុជា
៤- ០ភាគរយ ចំពោះប្រាក់ចំណេញរបស់គម្រោងវិនិយោគមានលក្ខណៈសម្បតិ្តគ្រប់គ្រាន់ដែលស្ថិតនៅ ក្នុងរយៈ ពេលលើកលែងពន្ធដែលកំណត់ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
៥- តាមតារាងអត្រាពន្ធកំណើនតាមថ្នាក់ខាងក្រោមចំពោះប្រាក់ចំណេញដែលសម្រេចបានដោយ រូបវន្តបុគ្គល និងចំណែកដែលត្រូវបែងចែកឱ្យសមាជិកម្នាក់ៗរបស់ក្រុមអាជីវកម្មដែលមិនត្រូវបាន ចាត់ទុកជានីតិបុគ្គលៈ

ភាគនៃប្រាក់ចំណេញប្រចាំឆ្នាំដែលត្រូវជាប់ពន្ធ អត្រាពន្ធ
ពី ០ ៛ ដល់ ៦.០០០.០០០ ៛ ០%
ពី ៦.០០០.០០១ ៛ ដល់ ១៥.០០០.០០០ ៛ ៥%
ពី ១៥.០០០.០០១ ៛ ដល់ ១០២.០០០.០០០ ៛ ១០%
ពី ១០២.០០០.០០១ ៛ ដល់ ១៥០.០០០.០០០ ៛ ១៥%
លើសពី ១៥០.០០០.០០០ ៛ ២០%

៦- ចំពោះសហគ្រាសដែលមានសកម្មភាពជាសំខាន់ក្នុងការធានារ៉ាប់រងឬ ធានារ៉ាប់រងបន្តលើជីវិត ទ្រព្យសម្បត្តិ ឬហានិភ័យផ្សេងៗ ពន្ធលើប្រាក់ចំណេញត្រូវបានកំណត់ខាងក្រោមៈ
ក. ៥% នៃបុព្វលាភធានារ៉ាប់រងដុលដែលទទួលបាននៅក្នុងឆ្នាំជាប់ពន្ធ ចំពោះការធានារ៉ាប់រង ឬធានារ៉ាប់រងបន្ត នូវហានិភ័យនៅព្រះរាជាណាចក្រកម្ពុជា
ខ. តាមអត្រាទាំងឡាយដូចមានចែងក្នុងចំណុច ១-២-៣-៤និង៥ ខាងលើ ចំពោះសកម្មភាពដទៃទៀតដែល មិនមែនជាការធានារ៉ាប់រង ឬធានារ៉ាប់រងបន្ត

ប្រាក់រំដោះពន្ធលើប្រាក់ចំណេញ
អ្នកជាប់ពន្ធតាមរបប ស្វ័យប្រកាស រួមទាំងគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលជាប់ពន្ធលើប្រាក់ ចំណេញតាមអត្រា ៩% ត្រូវមានកាតព្វកិច្ចបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណេញប្រចាំខែតាមអត្រា ១% នៃផលរបរគិតរួម បញ្ចូលទាំងពន្ធអាករទាំងអស់វៀរលែងតែអាករលើតម្លៃបន្ថែមដែលសម្រេចបានក្នុងខែមុន យ៉ាងយឺតបំផុតត្រឹមថ្ងៃទី ១៥ នៃខែបន្ទាប់។ ផលរបរនៃគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលស្ថិតក្នុងរយៈពេល លើកលែងពន្ធត្រូវបាន លើកលែងពីការបង់ប្រាក់រំដោះនេះ។ ប្រាក់រំដោះពន្ធលើប្រាក់ចំណេញនឹងត្រួវបានយកទៅកាត់កងពីពន្ធលើប្រាក់ចំណេញ នៅពេលធ្វើការទូទាត់ប្រចាំឆ្នាំ។
ពន្ធលើប្រាក់ចំណេញបន្ថែមលើការបែងចែកភាគលាភ
នៅពេលបែងចែកភាគលាភ អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសត្រូវបង់ពន្ធលើប្រាក់ចំណេញបន្ថែមលើការបែង ចែកភាគលាភដូចតទៅៈ
១- ពន្ធលើប្រាក់ចំណេញបន្ថែមត្រូវបង់ក្នុងចំនួនស្មើនឹង ២០ភាគរយ នៃទឹកប្រាក់ត្រូវបែងចែកចំពោះ :
ក. ការបែងចែកប្រាក់ចំណេញរក្សាទុក ឬប្រាក់ចំណេញប្រចាំឆ្នាំក្រោយការបង់ពន្ធលើប្រាក់ចំណេញ ប្រសិនបើអ្នកជាប់ពន្ធធ្វើការបែងចែកប្រាក់ចំណេញរក្សាទុកឬប្រាក់ចំណេញ ប្រចាំឆ្នាំ ដែលបានបង់ពន្ធលើប្រាកប់ចំណេញ តាមអត្រា ០ភាគរយ
ខ. ការបែងចែកដទៃទៀត វៀរលែងតែការបែងចែកដែលបានកំណត់ក្នុងចំណុច ២ និង ៣ ខាងក្រោមនេះ និងការបង់សងវិញនូវមូលធន
២- ពន្ធលើប្រាក់ចំណេញបន្ថែមត្រូវបង់ក្នុងចំនួនស្មើនឹង ១១ ភាគ ៩១ នៃទឹកប្រាក់ត្រូវបែងចែកចំពោះការបែងចែក ប្រាក់ចំណេញរក្សាទុកឬប្រាក់ចំណេញប្រចាំឆ្នាំក្រោយការបង់ពន្ធលើប្រាក់ចំណេញ ប្រសិនបើអ្នកជាប់ពន្ធធ្វើការបែងចែក ប្រាក់ចំណេញរក្សាទុក ប្រាក់ចំណេញប្រចាំឆ្នាំ ដែលបានបង់ពន្ធលើប្រាក់ចំណេញ តាមអត្រា ៩ភាគរយ
៣- ពន្ធលើប្រាក់ចំណេញបន្ថែមមិនត្រូវអនុវត្តទេចំពោះ ការបែងចែកប្រាក់ចំណេញរក្សាទុក ឬប្រាក់ចំណេញប្រចាំ ឆ្នាំក្រោយការបង់ពន្ធលើប្រាក់ចំណេញ ប្រសិនបើអ្នកជាប់ពន្ធធ្វើការបែងចែកប្រាក់ចំណេញរក្សាទុក ឬប្រាក់ចំណេញប្រចាំ ឆ្នាំដែលបានបង់ពន្ធលើប្រាក់ចំណេញតាមអត្រា ២០ភាគរយ ឬអត្រា ៣០ភាគរយ
ពន្ធកាត់ទុកលើនិវាសនជន
អ្នកជាប់ពន្ធនិវាសនជនដែលប្រកប អាជីវកម្មដែលបានធ្វើការទូទាត់ជាសាច់ប្រាក់ឬជាវត្ថុឱ្យដល់អ្នកជាប់ពន្ធ និវាសនជន ត្រូវកាត់ទុកនិងបង់ប្រាក់ពន្ធទៅតាមអត្រាដូចខាងក្រោមលើចំនួនទូទាត់មុនការកាត់ ទុកប្រាក់ពន្ធៈ
ក. អត្រា ១៥% ចំពោះ
- ប្រាក់ចំណូលដែលរូបវន្តបុគ្គលបានទទួលពីការបំពេញសេវានានា រួមទាំងការគ្រប់គ្រង ឬការពិគ្រោះយោ បល់ឬសេវាប្រហាក់ប្រហែល
- សួយសារចំពោះទ្រព្យអរូបបីនិងភាគកម្មក្នុងធនធានរ៉ែ ហើយនិងការប្រាក់ដែលអ្នកជាប់ពន្ធនិវាសនជន ដែលប្រកបអាជីវកម្មដែលមិនមែនជាធនាគារឬ ស្ថាប័នសញ្ជ័យធនក្នុងស្រុកបង់ឱ្យទៅអ្នកជាប់ពន្ធនិវាសនជន
ខ. អត្រា ១០% ចំពោះប្រាក់ចំណូលពីការឱ្យជួលចលនឬអចលនទ្រព្យ
គ. អត្រា ៦% ចំពោះការប្រាក់ដែលធនាគារឬស្ថាប័នសញ្ច័យធនក្នុងស្រុកបង់ឱ្យទៅអ្នកជាប់ពន្ធនិវាសនជនដែល មានគណនីបញ្ញើមានកាលកំណត់
ឃ. អត្រា ៤% ចំពោះការប្រាក់ដែលធនាគារឬស្ថាប័នសញ្ជ័យធនក្នុងស្រុកបង់ឱ្យទៅអ្នកជាប់ពន្ធនិវាសនជនដែល មានគណនីសន្សំគ្មានកាលកំណត់
ការកាត់ទុកខាងលើនេះ មិនត្រូវអនុវត្តទេចំពោះការប្រាក់ដែលបង់ទៅឱ្យធនាគារនិងស្ថាប័នសញ្ជ័យធនក្នុង ស្រុក និងការទូទាត់ចំពោះប្រាក់ចំណូលលើកលែងពន្ធដូចមានចែងក្នុងមាត្រា ៩ថ្មីនៃច្បាប់ស្តីពីសារពើពន្ធ។
ពន្ធកាត់ទុកលើអនិវាសនជន
អ្នកជាប់ពន្ធនិវាសនជនដែលប្រកប អាជីវកម្មដែលធ្វើការទូទាត់ប្រាក់ចំណូលដូចខាងក្រោមនេះ ឱ្យទៅអ្នកជាប់ពន្ធ អនិវាសនជនត្រូវកាត់ទុកនិងបង់នូវប្រាក់ពន្ធតាមអត្រា ១៤% នៃទឹកប្រាក់ត្រូវបើកៈ
ក. ការប្រាក់
ខ. សួយសារ ថ្លៃឈ្នួល និងប្រាក់ចំណូលផ្សេងៗទាក់ទិននិងការប្រើប្រាស់ទ្រព្យសម្បត្តិ
គ. ការទូទាត់ចំពោះសេវាគ្រប់គ្រង និងសេវាបច្ចេកទេសនានា
ឃ. ភាគលាភ
សហគ្រាស ក្រុមហ៊ុនត្រូវដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធដែលបានកាត់ទុកក្នុងរយៈពេល ១៥ថ្ងៃក្រោយដំណាច់ ខែដែលមានការទូទាត់។ ពេលកាត់ទុកគឺជាពេលដែលចំណាយត្រូវបានកត់ត្រាក្នុងបញ្ជីគណនេយ្យ។

No comments:

Post a Comment